ព្រះត្រៃបិដក ភាគ ៧៥
ព្រះអង្គមានព្យាយាម អង់អាច ក្លាហាន មានប្រាជ្ញា ប្រកបដោយសេចក្តីករុណា ទ្រង់ស្ទាត់ជំនាញ ទ្រង់ឈ្នះមារ ទ្រង់ឈ្នះមិនចាញ់វិញ ទ្រង់មិនឃ្នើសឃ្នង មិនមានអាល័យ។ ព្រះមុនីទ្រង់មិនញប់ញ័រ មិនឃ្លេងឃ្លោង ជាអ្នកប្រាជ្ញ មិនមានមោហៈ ឥតមានបុគ្គលស្មើ នាំទៅនូវធុរៈ ជាឧសភៈ ជានាគ ជាសីហៈ ទ្រង់អង់អាចក្នុងពួកគ្រូទាំងឡាយ។ ព្រះអង្គប្រាសចាករាគៈ មិនមានមន្ទិល ជាព្រហ្ម មានវាទៈដ៏ក្លៀវក្លា ទ្រង់លះបង់នូវសត្រូវគឺកិលេស ទ្រង់មិនរឹងត្អឹង ប្រាសចាកកូនសរ គឺសេចក្តីសោក ឥតមានបុគ្គលស្មើ ជាឧសភៈ ជាអ្នកស្អាត។ ព្រះអង្គជាព្រាហ្មណ៍ ជាសមណៈ ជាទីពឹង ជាពេទ្យ ទ្រង់កំចាត់បង់នូវសរ គឺសេចក្តីសោក ជាយោធា ត្រាស់ដឹងនូវសច្ចៈ ភ្ញាក់រលឹកចាកការដេកលក់ មិនញាប់ញ័រ មានព្រះហឫទ័យទន់ត្រជាក់។
ID: 637643796854120743
ទៅកាន់ទំព័រ៖