ព្រះត្រៃបិដក ភាគ ៧៥
ព្រះជិនស្រីទ្រង់ឆ្លងផុតសេចក្តីសង្ស័យ មិនមានមានះ មានគុណប្រមាណមិនបាន មិនមានឧបមា ទ្រង់កន្លងនូវគន្លងពាក្យទាំងពួង ដល់នូវទីបំផុតនៃនេយ្យធម៌ទាំងពួង។ សេចក្តីជ្រះថ្លា ក្នុងព្រះជិនស្រីដ៏ប្រសើរ ដូចព្រះអាតិទ្យនោះ ជាគុណនាំមកនូវព្រះនិព្វានឈ្មោះអមតៈ ព្រោះហេតុនោះ សេចក្តីជឿស៊ប់ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មានប្រយោជន៍ច្រើន។ ខ្ញុំកំពុងពណ៌នាគុណនៃព្រះសម្ពុទ្ធដ៏ប្រសើរ ជាទីពឹងនៃសត្វក្នុងត្រៃលោក ដោយគុណទាំងឡាយ មានយ៉ាងនេះជាដើម ហើយសំដែងធម្មកថាក្នុងកណ្តាលបរិស័ទ។ ខ្ញុំច្យុតចាកអត្តភាពនោះហើយ ទទួលសេចក្តីសុខច្រើន ក្នុងភពតុសិត លុះច្យុតចាកតុសិតនោះ មកកើតក្នុងពួកមនុស្ស ជាអ្នកមានក្លិនក្រអូប។ ខ្យល់ដង្ហើមចេញរបស់ខ្ញុំក្តី ក្លិនមាត់ក្តី ក្លិនកាយក្តី ដូចគ្នា ក្លិនរបស់ខ្ញុំនោះ ក្រអូបសព្វជានិច្ច។
ID: 637643797307714057
ទៅកាន់ទំព័រ៖