ព្រះត្រៃបិដក ភាគ ៧៥
កច្ចាយនវគ្គ ទី៥៤
មហាកច្ចាយនត្ថេរាបទាន ទី១
[១២១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មិនញាប់ញ័រ ឥតមានបុគ្គលផ្ចាញ់បាន ជានាយក ទ្រង់ត្រាស់ឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ ព្រះវីរសម្ពុទ្ធ ទ្រង់មានត្របកព្រះនេត្រដូចផ្កាឈូក មានព្រះឱស្ឋប្រាសចាកមន្ទិលដូចព្រះចន្ទ មានព្រះតចៈដូចមាស មានរស្មីរុងរឿងដូចព្រះអាទិត្យ ទ្រង់ជាទីត្រូវភ្នែក និងចិត្ត របស់សត្វ ប្រដាប់ដោយលក្ខណៈដ៏ប្រសើរ ទ្រង់កន្លងផុតគន្លងពាក្យទាំងពួង ត្រូវមនុស្ស និងទេវតាធ្វើសក្ការៈហើយ។ ព្រះសម្ពុទ្ធទ្រង់ញុំាងពួកសត្វឲ្យត្រាស់ដឹង ទ្រង់មានសំឡេងពីរោះផ្សាយទៅ ទ្រង់មានសន្តានជាប់ដោយសេចក្តីករុណា ទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ។ ព្រះសម្ពុទ្ធទ្រង់សម្តែងធម៌ពីរោះ ប្រកបដោយសច្ចៈ ៤ ទ្រង់ស្រង់ពួកសត្វដែលលិចចុះក្នុងភក់គឺមោហៈ។
ID: 637643798832089125
ទៅកាន់ទំព័រ៖