ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតា ឬមនុស្ស មិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងកើតក្នុងត្រកូលពីរ គឺត្រកូលក្សត្រ ឬព្រាហ្មណ៍ មិនដែលកើតក្នុងត្រកូលទាបឡើយ នេះជាផលនៃពុទ្ធបូជា។ ក្នុងបច្ឆិមភព ខ្ញុំកើតជាប្អូននៃបុរោហិតរបស់ស្តេចព្រះនាមចណ្ឌបជ្ជោត ក្នុងបូរីឧជ្ជេនី ជាទីរីករាយ។ ខ្ញុំជាបុត្ររបស់តិបិតិវច្ឆព្រាហ្មណ៍ ជាអ្នកមានប្រាជ្ញាល្អិត ដល់នូវត្រើយនៃវេទ ឯមាតាខ្ញុំ ឈ្មោះនាងចន្ទនបទុមា ខ្ញុំឈ្មោះកច្ចាន មានស្បែកល្អ។ ខ្ញុំដែលព្រះភូមិបាល បញ្ជូនទៅដើម្បីល្បងមើលព្រះសម្ពុទ្ធ ក៏បានឃើញព្រះនាយក ជានាយទ្វារនៃមោក្ខបូរី ទ្រង់សន្សំនូវគុណ។ ខ្ញុំស្តាប់ពាក្យមិនមានមន្ទិល ជាពាក្យជម្រះនូវភក់គឺគតិ ក៏បានដល់នូវអមតធម៌ ជាទីរម្ងាប់ ជាមួយនឹងពួកបុរោហិតដ៏សេស ៧ នាក់។
ID: 637643799543651599
ទៅកាន់ទំព័រ៖