ព្រះត្រៃបិដក ភាគ ៧៥
វក្កលិត្ថេរាបទាន ទី២
[១២២] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះនាយក ព្រះនាមបទុត្តរៈ មានព្រះនាមខ្ពង់ខ្ពស់ មានគុណរាប់មិនបាន ត្រាស់ឡើងហើយក្នុងលោក។ ព្រះអង្គមានអាការ និងព្រះឱស្ឋដូចផ្កាឈូក មានព្រះឆវីវ័ណ្ណល្អ មិនមានមន្ទិល ដូចផ្កាឈូក មិនជាប់ចំពាក់ដោយលោក ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ព្រះអង្គជាអ្នកប្រាជ្ញ មានព្រះនេត្រដូចត្របកឈូក ជាទីត្រេកអរដូចផ្កាឈូក ទ្រង់មានក្លិនវិសេសដូចផ្កាឈូក ព្រោះហេតុនោះឯង ទើបព្រះអង្គទ្រង់ព្រះនាមថា បទុមុត្តរៈ។ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនមានមានះ មានឧបមាដូចភ្នែកនៃពួកជនខ្វាក់ ទ្រង់មានភេទស្ងប់រម្ងាប់ ជាកំណប់នៃគុណ ទ្រង់មានករុណាគុណ និងបញ្ញាគុណដូចសាគរ។ ជួនកាល ព្រះមហាវីរៈនោះ មានពួកព្រហ្ម ទេវតា និងអសុរបូជា ព្រះអង្គឧត្តមជាងពួកជន ក្នុងកណ្តាលប្រជុំជន ដែលកុះករដោយទេវតា និងមនុស្ស។
ID: 637643800069432860
ទៅកាន់ទំព័រ៖