ព្រះត្រៃបិដក ភាគ ៧៥
ព្រះមហាវីរៈ ទ្រង់ញុំាងបរិស័ទទាំងពួងឲ្យត្រេកអរ ដោយព្រះឱស្ឋមានក្លិនក្រអូបផង ដោយព្រះសូរសៀងដ៏ពីរោះផង ទ្រង់សរសើរសាវ័ករបស់ព្រះអង្គថា សាវ័កនេះ ជាសទ្ធាធិមុត្ត មានប្រាជ្ញាល្អ មានអាល័យក្នុងការឃើញតថាគត បុគ្គលដទៃបែបនេះ មិនមានដូចវក្កលិភិក្ខុនេះឡើយ។ កាលនោះ ខ្ញុំកើតជាកូនរបស់ព្រាហ្មណ៍ នៅក្នុងក្រុងហង្សវតី លុះបានស្តាប់ព្រះពុទ្ធដីកានោះហើយ ក៏ប្រាថ្នានូវតំណែងនោះ។ កាលនោះ ខ្ញុំនិមន្តព្រះតថាគត ទ្រង់មិនមានមន្ទិលនោះ ព្រមទាំងសាវ័ក ឲ្យគង់ឆាន់អស់ ៧ ថ្ងៃ ក្រោមបារាំសំពត់។ ខ្ញុំក្រាបចុះដោយសិរ្សៈ មុជចុះក្នុងសាគរ គឺអនន្តគុណរបស់ព្រះអង្គ មានបីតិពេញលេញ ទើបពោលពាក្យនេះថា បពិត្រព្រះមហាមុនី ឥសីគឺភិក្ខុអង្គណា ជាសទ្ធាធិមុត្ត ក្នុងសាសនានេះ ដែលព្រះអង្គសរសើរហើយថា ជាច្បងជាងពួកភិក្ខុអ្នកមានសទ្ធា ខ្ញុំព្រះអង្គសូមបានដូចភិក្ខុនោះ ក្នុងកាលអនាគត។
ID: 637643800352557909
ទៅកាន់ទំព័រ៖