ព្រះត្រៃបិដក ភាគ ៧៥

លុះ​ខ្ញុំ​ពោល​យ៉ាងនេះ​ហើយ ទើប​ព្រះ​មហាមុនី​ទ្រង់​ព្យាយាម​ធំ មានការ​ឃើញ​មិន​កំបាំង ទ្រង់​បន្លឺ​ឡើង​នូវ​ព្រះពុទ្ធដីកា​នេះ ក្នុង​កណ្តាល​បរិស័ទ​ថា
 អ្នក​ទាំងឡាយ ចូរ​មើល​មាណព​នេះ ដែល​ស្លៀកសំពត់​សាច់​ម៉ដ្ឋ មាន​សម្បុរ​លឿង ជា​អ្នកមាន​អវយវៈ​ដូច​គ្រឿងបូជា​ដែល​បិទ​ដោយ​មាស ជាទី​ត្រូវ​ភ្នែក ត្រូវចិត្ត​របស់​ជន។ មាណព​នេះ នឹង​បាន​ជា​សាវ័ក​របស់​ព្រះ​គោតម​មហេសី ប្រសើរ​លើស​ជាង​ពួក​ភិក្ខុ ដែល​ជា​សទ្ធាធិមុត្ត ក្នុង​កាល​ជា​អនាគត។ មាណព​នេះ ទោះ​កើតជា​ទេវតា ឬជា​មនុស្ស ជា​អ្នក​វៀរចាក​សេចក្តី​ក្តៅក្រហាយ​ទាំងពួង បរិបូណ៌​ដោយ​ភោគៈ​ទាំងពួង ជា​អ្នក​អន្ទោល​ទៅ ទាំង​មាន​សេចក្តី​សុខ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ត្រកូល​ឱក្កា​កៈ នឹង​ត្រាស់​ឡើង​ក្នុង​លោក។ មាណព​នេះ នឹង​បាន​ជា​ធម្ម​ទាយាទ​របស់​ព្រះអង្គ ជា​ឱរស ជា​ធម្ម​និម្មិត មាន​នាម​ថាវ​ក្ក​លិ ជា​សាវ័ក​របស់​ព្រះ​សាស្តា។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637643800626620725
ទៅកាន់ទំព័រ៖