ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំលះរាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ដោយសេសនៃកម្មនោះផង ដោយការតាំងទុកនូវចេតនានោះឯង។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ ជាអ្នកមានសេចក្តីសុខក្នុងភពទាំងពួង ខ្ញុំមកកើតក្នុងត្រកូលមួយ ក្នុងក្រុងសាវត្ថី។ មាតាមានភ័យអំពីបិសាចបៀតបៀននូវខ្ញុំ ដែលនៅល្អិតទន់ដូចទឹកដោះខាប់ កំពុងនៅដេកផ្ងា ល្អិតទន់ដូចត្រួយឈើ។ មាតាផ្តេកខ្ញុំទៀបបាទមូលរបស់ព្រះមហេសី លុះគាត់មានចិត្តចង់ថ្វាយ (ទើបពោលថា) បពិត្រព្រះលោកនាថ ខ្ញុំព្រះអង្គថ្វាយទារកនេះចំពោះព្រះអង្គ បពិត្រព្រះនាយកខ្ញុំព្រះអង្គសូមដល់នូវព្រះអង្គ ជាទីពឹងទីរលឹក។ គ្រានោះ ព្រះមហាមុនីនោះ ដែលជាទីពឹងនៃពួកសត្វអ្នកខ្លាច ទ្រង់ទទួលនូវខ្ញុំដោយព្រះហស្តដ៏ទន់ដូចផ្កា មានក្រឡាប្រទាក់ដូចសំណាញ់ មានជួរស្នាមវិលវង់ដូចចក្រ។
ID: 637643800887557944
ទៅកាន់ទំព័រ៖