ព្រះត្រៃបិដក ភាគ ៧៥

ចាប់ដើមតាំងពី​កាលនោះ ខ្ញុំ​បាន​ព្រះសម្ពុទ្ធ​រក្សា​ហើយ ដោយ​អំពើ​មិន​គួរ​គេ​រក្សា​បាន ខ្ញុំ​រួច​ស្រឡះ​ចាក​ព្យាធិ​ទាំងពួង ចម្រើន​ដោយ​សេចក្តី​សុខ។ បើ​ខ្ញុំ​វៀរចាក​ព្រះ​សុគត​ហើយ ក៏​កើត​អផ្សុក​មួយរំពេច លុះ​ខ្ញុំ​អាយុ ៧ ឆ្នាំ រាប់​អំពី​កំណើត ក៏បាន​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​មិន​ឆ្អែតចិត្ត​នឹង​ព្រះ​សុគត ទ្រង់​ពេញលេញ​ដោយ​បារមី​ទាំងពួង មាន​ព្រះនេត្រ​ខៀវស្រស់ មាន​ព្រះ​រូបល្អ ពេញដោយ​របស់​ស្អាត​ទាំងអស់។ កាលនោះ ព្រះ​ជិនស្រី​ទ្រង់​ជ្រាប​ថា ខ្ញុំ​មាន​សេចក្តី​ត្រេកអរ ក្នុង​រូប​របស់​ព្រះពុទ្ធ​ហើយ ក៏​ទ្រង់​ទូន្មាន​នូវ​ខ្ញុំ​ថា នែ​វក្ក​លិ កុំឡើយ អ្នក​ត្រេកអរ​ក្នុង​រូប ដែល​ជនពាល​ត្រេកអរ​ហើយ នឹង​មានប្រយោជន៍​អ្វី ព្រោះថា​បុគ្គល​ណា​ជា​បណ្ឌិត បានឃើញ​ព្រះ​សទ្ធម្ម បុគ្គល​នោះ​ឈ្មោះថា​ឃើញ​តថាគត បុគ្គល​ណា កាល​មិនឃើញ​ព្រះ​សទ្ធម្ម សូម្បី​ឃើញ​តថាគត បុគ្គល​នោះ​ក៏​ឈ្មោះថា​មិនឃើញ​ដែរ។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637643801104901551
ទៅកាន់ទំព័រ៖