ព្រះត្រៃបិដក ភាគ ៧៥
រាងកាយជារបស់មានទោស រកទីបំផុតគ្មាន មានឧបមាដូចដើមឈើមានពិស ជាលំនៅនៃរោគទាំងពួង ជាគំនរនៃកងទុក្ខទាំងអស់។ អ្នកគួរនឿយណាយ ចាកកាយនោះ គួរឃើញនូវការកើតឡើង និងការសូន្យនៃខន្ធទាំងឡាយក្នុងរូបចុះ អ្នកនឹងដល់នូវព្រះនិព្វានជាទីបំផុតនៃកិលេសទាំងពួង ដោយសេចក្តីសុខ។ លុះព្រះនាយក ទ្រង់ស្វែងរកនូវប្រយោជន៍អង្គនោះ ប្រៀនប្រដៅខ្ញុំយ៉ាងនេះរួចហើយ ខ្ញុំក៏ឡើងភ្នំគិជ្ឈកូដ នៅសញ្ជប់សញ្ជឹងត្រង់ច្រកភ្នំ។ ព្រះជិនស្រីមហាមុនី ទ្រង់ឋិតនៅនាជើងភ្នំ ញុំាងខ្ញុំឲ្យត្រេកអរ ទ្រង់ត្រាស់ហៅខ្ញុំថា ម្នាលវក្កលិ ខ្ញុំបានឮព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ។ កាលនោះ ខ្ញុំស្ទុះទៅត្រង់ជ្រោះភ្នំ មានជម្រៅច្រើនរយជួរបុរស ដើរទៅកាន់ផែនដីដោយស្រួលដោយពុទ្ធានុភាព។ ព្រះមហាមុនីទ្រង់សម្តែងធម៌ គឺការកើតឡើង និងការសូន្យនៃខន្ធទាំងឡាយម្តងទៀត ខ្ញុំបានដឹងនូវធម៌នោះហើយ ក៏បានដល់នូវអរហត្តផល។
ID: 637643801351151630
ទៅកាន់ទំព័រ៖