ព្រះត្រៃបិដក ភាគ ៧៥
លុះខ្ញុំធ្វើសច្ចៈដ៏ប្រសើររួចហើយ ទឹកស្ទឹងក៏រីងខះអស់អំពីផ្លូវ លំដាប់នោះ ខ្ញុំឆ្លងឡើងលើត្រើយស្ទឹង ជាទីមនោរម្យដោយសុវត្ថិភាព។ ខ្ញុំបានឃើញព្រះពុទ្ធទ្រង់គង់នៅ មានរស្មីដូចព្រះអាទិត្យដែលរះឡើង ទ្រង់រុងរឿងដូចភ្នំមាស មានពន្លឺដូចដើមឈើប្រចាំទ្វីប។ មានពួកសាវ័កចោមរោម ដូចព្រះចន្ទ្រដែលប្រកបដោយពួកផ្កាយ ឬដូចជាទឹកហូរ ដែលទេវតាបង្អុរចុះមក ទ្រង់ជាទីរីករាយរបស់ពួកជន។ ខ្ញុំ ព្រមទាំងអាមាត្យ លុះថ្វាយបង្គំហើយ ចូលទៅកាន់ទីសមគួរ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់ជ្រាបអធ្យាស្រ័យ ហើយបានសម្តែងធម៌។ លុះយើងខ្ញុំស្តាប់ធម៌ស្អាត មិនមានមន្ទិល ទើបក្រាបទូលព្រះជិនស្រីថា បពិត្រព្រះអង្គដ៏ទ្រង់ព្យាយាមធំ សូមព្រះអង្គបំបួស យើងខ្ញុំនឹងឆ្លងភពទាំងឡាយ។ ព្រះសម្ពុទ្ធ ជាព្រះមុនីទី ៧ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតពោលល្អហើយ ដល់អ្នកទាំងឡាយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយៈចុះ។
ID: 637643803432870367
ទៅកាន់ទំព័រ៖