ព្រះត្រៃបិដក ភាគ ៧៥
ពួកយើងខ្ញុំទាំងអស់ ទ្រទ្រង់ភេទជាភិក្ខុ តំណាលនឹងព្រះពុទ្ធដីកា លុះបានឧបសម្បទាហើយ ក៏បានជាសោតាបន្នបុគ្គលក្នុងសាសនា។ លំដាប់នោះ ព្រះនាយកទ្រង់ស្តេចទៅកាន់វត្តជេតពន ទ្រង់ប្រៀនប្រដៅខ្ញុំ ឯខ្ញុំដែលព្រះជិនស្រី ទ្រង់បៀនប្រដៅហើយ ក៏បានដល់នូវព្រះអរហត្ត។ លំដាប់នោះ ខ្ញុំប្រដៅពួកភិក្ខុមួយពាន់រូប ពួកភិក្ខុទាំងមួយពាន់នោះ ធ្វើតាមពាក្យប្រៀនប្រដៅរបស់ខ្ញុំ ក៏ទៅជាអ្នកមិនមានអាសវៈក្នុងកាលនោះ។ ព្រះជិនស្រីទ្រង់ត្រេកអរក្នុងគុណនោះ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាជនថា កប្បិនភិក្ខុ ជាកំពូលនៃពួកសាវ័កអ្នកឲ្យឱវាទភិក្ខុ។ ព្រះជិនស្រី ទ្រង់សម្តែងផលកម្ម ដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន ក្នុងសាសនានេះ ខ្ញុំមានចិត្តរួចស្រឡះហើយ ដូចជាសន្ទុះនៃកូនសរ ខ្ញុំដុតកិលេសទាំងឡាយរបស់ខ្ញុំហើយ។
ID: 637643803645058227
ទៅកាន់ទំព័រ៖