ព្រះត្រៃបិដក ភាគ ៧៥

ព្រះពុទ្ធ​ទ្រង់ប្រទាន​ឱវាទ ទ្រង់​បំភ្លឺ ទ្រង់​ចម្លង​ពួក​សត្វ​ទាំងពួង ទ្រង់​ឈ្លាស​ក្នុង​ទេសនា ចម្លង​ប្រជុំជន​ដ៏​ច្រើន។ ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ មាន​សេចក្តី​ករុណា ទ្រង់​ស្វែងរក​ប្រយោជន៍​ដល់​សត្វ​ទាំងពួង តែង​ញុំាង​ពួក​តិរ្ថិយ​ទាំងពួង​ដែល​ជួបប្រទះ ឲ្យ​តាំងនៅ​ក្នុង​សីល ៥។ កាល​យ៉ាងនេះ សាសនា​របស់​ព្រះអង្គ​មិន​វឹកវរ ជា​សាសនា​សូន្យ​ចាក​ពួក​តិរ្ថិយ ជា​សាសនា​វិចិត្រ​ដោយ​ពួក​ព្រះអរហន្ត ដែល​ស្ទាត់ជំនាញ ជាតា​ទិ​បុគ្គល។ ព្រះ​មហាមុនី​អង្គ​នោះ មាន​កំពស់ ៥៨ ហត្ថ ប្រាកដ​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ មាន​ព្រះជន្មាយុ​មួយ​សែន​ឆ្នាំ ព្រះ​បទុមុ​ត្ត​រៈ​អង្គ​នោះ កាល​ប្រតិ​ស្ថាន​នៅ ទ្រង់​ចម្លង​ប្រជុំជន​ច្រើន កំណត់​ត្រឹមនោះ។ កាលនោះ ខ្ញុំ​កើតជា​សេដ្ឋីបុត្ត មានយស​ធំ ក្នុង​ក្រុង​ហង្ស​វតី បាន​ចូល​ទៅ​ជិត​ព្រះសម្ពុទ្ធ ជា​ប្រទីប​ក្នុង​លោក បាន​ស្តាប់​ធម្មទេសនា។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637643804360214202
ទៅកាន់ទំព័រ៖