ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតាំងសេចក្តីប្រាថ្នានោះផង។ ខ្ញុំបានទទួលទេវរាជសម្បតិ្តអស់ ៣០០ ដង បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង។ ខ្ញុំបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ខ្ញុំដល់នូវសេចក្តីសុខ ក្នុងភពទាំងពួង ដោយអំណាចនៃកុសលកម្មនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី ទ្រង់មានព្រះនេត្ររុងរឿង ទ្រង់ឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់ត្រាស់ឡើង។ ខ្ញុំមានចិត្តប្រទូស្ត តិះដៀលសាវ័កអ្នកមិនមានអាសវៈទាំងពួង របស់ព្រះអង្គ ជាតាទិបុគ្គល ហើយប្តេជ្ញាខ្លួនថា អាត្មាអញស្អាត។ (លុះមកខាងក្រោយ) ខ្ញុំកាន់យកស្លាកហើយ ប្រគេនបាយលាយដោយទឹកដោះស្រស់ ដល់ពួកសាវ័កអ្នកស្វែងរកសីលគុណរបស់ព្រះវិបស្សីអង្គនោះ ទ្រង់មានព្យាយាមជាងពួកនរៈ។
ID: 637643804853964248
ទៅកាន់ទំព័រ៖