ព្រះត្រៃបិដក ភាគ ៧៥
ស្គរទាំងឡាយក្នុងទិសទាំង ៤ ដែលមិនមែនជារបស់មនុស្ស ក៏បន្លឺឡើង រន្ទះទាំងឡាយជារបស់នាំមកនូវភ័យ ក៏ធ្លាក់ចុះជុំទិស។ ភ្លើងគប់ទាំងឡាយ ក៏ធ្លាក់មកអំពីអាកាស ផ្កាយដុះកន្ទុយ អណ្តាតភ្លើង ព្រមទាំងផ្សែង ក៏ប្រាកដឡើង ពួកម្រឹគស្រែកនូវសម្រែកករុណា។ កាលនោះ យើងជាភិក្ខុ ៧ រូប ឃើញហេតុកាចអាក្រក់ ជាចម្រូង ឲ្យវិនាសសាសនាកើតឡើង ក៏មានសេចក្តីសង្វេគ គិតគ្នាថា ពួកយើងបើវៀរចាកសាសនាហើយ មិនគួររស់នៅឡើយ យើងទាំងឡាយ គួរចូលទៅក្នុងព្រៃធំ ហើយប្រកបនូវសាសនារបស់ព្រះជិនស្រី។ កាលនោះ ពួកខ្ញុំបានឃើញភ្នំខ្ពស់ក្នុងព្រៃ ទើបឡើងភ្នំនោះតាមបង្អោង ហើយច្រានបង្អោងចោល។ គ្រានោះ ព្រះថេរៈ ទូន្មាននូវពួកយើងថា ការកើតឡើងនៃព្រះពុទ្ធ ជាការកម្រណាស់ សទ្ធាសោត ក៏រកបានដោយកម្រដែរ ឯសាសនាដែលសេសសល់នៅ ក៏ស្តួចស្តើង។
ID: 637643805255691171
ទៅកាន់ទំព័រ៖