ព្រះត្រៃបិដក ភាគ ៧៥
កាលខ្ញុំកំពុងនៅក្នុងគភ៌ កាលនោះ វេនដែលគេសម្លាប់ក៏មកដល់ ឯមាតារបស់ខ្ញុំ ត្រូវសាខម្រឹគលះបង់ចោល គាត់ក៏ទៅយកនិគ្រោធម្រឹគជាទីពឹងវិញ។ កាលនោះ មាតារបស់ខ្ញុំនោះ ត្រូវស្តេចម្រឹគនោះជួយដោះអំពីមរណៈ តែមាតាខ្ញុំស៊ូលះជីវិតរបស់ខ្លួន ក៏ទូន្មានខ្ញុំ យ៉ាងនេះថា (ហៃបា បើបាចង់បានសេចក្តីចម្រើន) ត្រូវសេពគប់នឹងនិគ្រោធម្រឹគ កុំទៅសេពគប់នឹងសាខម្រឹគឡើយ ការស្លាប់ក្នុងសំណាក់និគ្រោធម្រឹគ ទើបប្រសើរ ការរស់ក្នុងសំណាក់សាខម្រឹគ ពុំប្រសើរឡើយ។
ខ្ញុំ មាតា និងម្រឹគដទៃ ត្រូវស្តេចម្រឹគនោះប្រៀនប្រដៅហើយ ក៏ទទួលធ្វើតាមនូវឱវាទរបស់ស្តេចម្រឹគនោះ ហើយបានទៅកើតក្នុងពិមាននៅឋានតុសិត ជាទីត្រេកអរ ហាក់ដូចជាបុគ្គលទៅកាន់ទីព្រាត់ប្រាស ហើយបានត្រឡប់មកផ្ទះខ្លួនវិញ។
ID: 637643806810370867
ទៅកាន់ទំព័រ៖