ព្រះត្រៃបិដក ភាគ ៧៥
កាលសាសនានៃព្រះពុទ្ធកស្សបៈជាអ្នកប្រាជ្ញ សាបសូន្យទៅ ខ្ញុំបានឡើងទៅលើកំពូលភ្នំ ហើយប្រកបតាមសាសនានៃព្រះជិនស្រីទៀត។ ឥឡូវនេះ ខ្ញុំទៅចាប់ផ្ទៃក្នុងត្រកូលសេដ្ឋី ក្នុងក្រុងរាជគ្រិះ ឯមាតារបស់ខ្ញុំ បានចូលទៅកាន់ផ្នួសទាំងមានគភ៌។ ពួកភិក្ខុនី លុះបានដឹងថា មាតាខ្ញុំនោះ មានគភ៌ហើយ ក៏នាំគ្នាចូលទៅប្រាប់ទេវទត្ត ទេវទត្តនោះ បាននិយាយថា នាងទាំងឡាយ ចូរញុំាងភិក្ខុនីដ៏លាមកនេះ ឲ្យវិនាស។ ឥឡូវនេះ មាតាជាព្រះជននីរបស់ខ្ញុំ មានសេចក្តីសុខ ក្នុងសំណាក់ភិក្ខុនី ដោយសារព្រះមុនិន្ទជិនស្រី ទ្រង់អនុគ្រោះ។ ព្រះបាទកោសលរក្សាផែនដី ទ្រង់ជ្រាបហេតុនោះហើយ ក៏បានចិញ្ចឹមខ្ញុំ ដោយគ្រឿងរក្សាកុមារ ខ្ញុំមានឈ្មោះថាកស្សបៈ។ ខ្ញុំពឹងពាក់អាស្រ័យនឹងព្រះមហាកស្សបៈ ទើបបានឈ្មោះថា កុមារកស្សបៈវិញ ខ្ញុំបានស្តាប់ធម៌ដែលព្រះពុទ្ធទ្រង់សម្តែងថា រាងកាយប្រាកដដូចជាដំបូក។
ID: 637643807099276619
ទៅកាន់ទំព័រ៖