ព្រះត្រៃបិដក ភាគ ៧៥
ពួកយើងនឹងធ្វើសក្ការៈចំពោះព្រះអរហន្តនេះ ដោយបាយ ទឹក សំពត់ ទីដេក និងភេសជ្ជៈ ហើយនឹងបានសេចក្តីសុខ។ គ្រានោះ ខ្ញុំជាអ្នកបានបច្ច័យទាំងឡាយ ត្រូវជនទាំងនោះ ធ្វើសក្ការបូជា ក៏ញុំាងសេចក្តីត្រិះរិះឲ្យកើតឡើង ដោយខុសឧបាយនៃប្រាជ្ញាថា អាត្មាអញជាព្រះអរហន្ត។ លំដាប់នោះ បុព្វទេវតាមួយអង្គ (ទេវតាជាមិត្រដែលធា្លប់ធ្វើកុសលជាមួយគ្នាក្នុងជាតិមុន) បានដឹងចិត្តខ្ញុំ ក៏មកដាស់តឿនខ្ញុំថា អ្នកមិនទាន់ដឹងផ្លូវជាឧបាយនៃព្រះនិព្វានទេ តើនឹងជាព្រះអរហន្តដូចម្តេចកើត។ គ្រានោះ ខ្ញុំត្រូវទេវតានោះដាស់តឿនហើយ ក៏តក់ស្លុត បានសួរទេវតានោះថា បុគ្គលដូចម្តេច ដែលជាព្រះអរហន្តក្នុងលោក ជាអ្នកខ្ពង់ខ្ពស់ជាងពួកមនុស្ស ហើយអរហន្តទាំងនោះ នៅទីណា។
ID: 637643821827405394
ទៅកាន់ទំព័រ៖