ព្រះត្រៃបិដក ភាគ ៧៥

ព្រះ​មុនី​ទី ៧ ទ្រង់​ត្រាស់​ថា តថាគត កំពុង​ត្រាច់​ទៅ​បិណ្ឌបាត ដើម្បី​ចម្លង​សត្វ កាល​នេះ ជា​កាលមិនគួរ​នឹង​សម្តែង​ធម៌​ដល់​អ្នក​ទេ។ គ្រានោះ ខ្ញុំ​ជា​អ្នក​ប្រាថ្នា​ក្នុង​ធម៌ បាន​អារាធនា​ព្រះពុទ្ធ ព្រះអង្គ​បាន​ត្រាស់​សម្តែង​ធម៌​ជា​បទ​ជ្រាលជ្រៅ ជា​ធម៌​សូន្យ​ចាក​កិលេស ដល់​ខ្ញុំ។ ខ្ញុំ​លុះ​ស្តាប់ធម៌​របស់​ព្រះអង្គ​ហើយ ក៏បាន​ដល់​នូវ​កិរិយា​អស់​អាសវៈ ខ្ញុំ​មាន​អាយុ​អស់ហើយ ឱ! ព្រះ​សាស្តា ទ្រង់​មាន​សេចក្តី​អនុគ្រោះ​អ្វី​ម្ល៉េះ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សាសនាព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 637643822595061598
ទៅកាន់ទំព័រ៖