ព្រះត្រៃបិដក ភាគ ៧៥
ព្រះថេរៈ ឈ្មោះពាហិយទារុចិរិយៈ បានព្យាករយ៉ាងនេះហើយ ក៏ដួលលើគំនរសម្រាម ព្រោះមេគោដែលយក្ខិនីតំណែងមកដល់។ លុះព្រះពាហិយត្ថេរ ជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើននោះ ពោលសរសើរបុព្វចរិតរបស់ខ្លួនរួចហើយ ក៏បរិនិព្វានក្នុងក្រុងសាវត្ថី ជាបុរីដ៏ឧត្តម។ ព្រះពុទ្ធជាឥសីទី ៧ ចេញអំពីនគរ បានឃើញព្រះពាហិយៈ ជាអ្នកប្រាជ្ញនោះ ស្លៀកសំពត់សម្បកឈើ មានការដុតកំដៅកិលេសបន្សាត់បង់ហើយ។ ដួលលើផែនដី ដូចជាកំណាត់ឈើ ឬដងទង់ដ៏ធំ ដែលគេផ្តួលចុះ មានអាយុអស់ហើយ មានកិលេសស្ងួតហើយ ជាអ្នកធ្វើតាមសាសនាព្រះជិនស្រី។ លំដាប់នោះ ព្រះសាស្តាទ្រង់ត្រាស់ហៅពួកសាវ័ក អ្នកត្រេកអរក្នុងសាសនាថា អ្នកទាំងឡាយចូរយកសពរបស់សព្រហ្មចារីទៅបូជាចុះ។ ចូរធ្វើស្តូប ចូរបូជា ដ្បិតពាហិយៈជាអ្នកប្រាជ្ញធំនោះ ជាអ្នកធ្វើតាមពាក្យរបស់តថាគត ជាសាវ័កប្រសើរជាងសាវ័ក ដែលជាខិប្បាភិញ្ញា បរិនិព្វានហើយ។
ID: 637643822859749038
ទៅកាន់ទំព័រ៖