ព្រះត្រៃបិដក ភាគ ៧៥

កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ ក្នុង​ក្រុង​ហង្ស​វតី ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​វេទ បាន​ចូល​ទៅ​ជិត​ព្រះពុទ្ធ​ជាកំពូល​នៃ​សត្វលោក​ទាំងពួង ហើយ​ស្តាប់​ធម្មទេសនា។ គ្រានោះ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ ទ្រង់​តាំង​សាវ័ក (មួយ​អង្គ) ដែល​បែកធ្លាយ​បដិសម្ភិទា ជា​អ្នក​ឈ្លាសវៃ​ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ ក្នុង​ទី​ជា​ឯតទគ្គៈ កាលនោះ ខ្ញុំ​បានឮ​នូវ​តំណែង​នោះ​ហើយ ក៏​មានចិត្ត​រីករាយ បាន​ញុំាង​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ព្រមទាំង​សាវ័ក​ឲ្យ​ឆាន់ អស់ ៧ ថ្ងៃ។ ខ្ញុំ​ញុំាង​ព្រះពុទ្ធ​ដូចជា​សាគរ ព្រមទាំង​សិស្ស ឲ្យ​ស្លៀកសំពត់ រួច​ខ្ញុំ​ក្រាប​ទៀប​ព្រះបាទ​មូល ប្រាថ្នា​តំណែង​នោះ។
 លំដាប់នោះ ព្រះពុទ្ធ​ជាកំពូល​លោក ទ្រង់​ត្រាស់​ថា អ្នក​ទាំងឡាយ ចូរ​មើល​ព្រាហ្មណ៍​ដ៏​ខ្ពង់ខ្ពស់​នុ៎ះ ក្រាប​ទៀប​បាទមូល មាន​រស្មី​ឰដ៏​ពោះ ដូច​ផ្កាឈូក ព្រាហ្មណ៍​នេះ (បរិបូណ៌) ដោយ​សទ្ធា ចាគៈ និង​សទ្ធម្ម​ស្ស​វនៈ​នោះ ប្រាថ្នា​នូវ​តំណែង​នៃ​ភិក្ខុ របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637643823698811753
ទៅកាន់ទំព័រ៖