ព្រះត្រៃបិដក ភាគ ៧៥

កាល​សក់​ទាំងឡាយ​ដាច់​ចុះ ទិដ្ឋិ​ព្រមទាំង​ឫស​ក៏​ដាច់​ចុះ​ដែរ ខ្ញុំ​កំពុងតែ​ស្លៀកសំពត់​កាសាវៈ ក៏បាន​សម្រេច​អរហត្ត។ ប្រាជ្ញា​របស់ខ្ញុំ​បែកធ្លាយ ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ ហេតុនេះ បាន​ជា​ព្រះពុទ្ធ ជាកំពូល​នៃ​លោក ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ ខ្ញុំ​ត្រូវ​ឧបតិស្សៈ សាកសួរ​ក្នុង​បដិសម្ភិទា ក៏បាន​ដោះស្រាយ​នូវ​ធម៌ ដែល​ខ្លួន​មិនដែល​បានឃើញ ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ជា​អ្នក​ប្រសើរ ក្នុង​សាសនា​នៃ​ព្រះសម្ពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ដ៏​ប្រសើរ​របស់ខ្ញុំ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 637643824421624062
ទៅកាន់ទំព័រ៖