ព្រះត្រៃបិដក ភាគ ៧៥
ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ បានញុំាងពួកជនច្រើន ឲ្យឆ្លង (ចាកលោក) កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ដែលលោកសន្មតថា ជាសប្បុរស នៅក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះពុទ្ធជាពន្លឺនៃលោក ហើយស្តាប់ធម្មទេសនា។ ក្នុងកាលនោះ ខ្ញុំបានឃើញព្រះមានបុណ្យកំពុងតាំងមហាបុរសសាវ័ក ក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាបរិស័ទ ខ្ញុំបានឮហើយក៏ត្រេកអរ។ ខ្ញុំនិមន្តព្រះមហាជិនស្រី ព្រមទាំងបរិវារជាច្រើន បានថ្វាយទានជាមួយនឹងពួកព្រាហ្មណ៍មួយពាន់នាក់។ លុះថ្វាយមហាទានហើយ ក៏ក្រាបថ្វាយបង្គំព្រះនាយក ឋិតនៅក្នុងទីដ៏សមគួរ ត្រេកអរហើយ ក៏ពោលពាក្យនេះថា
ID: 637643825059280387
ទៅកាន់ទំព័រ៖