ព្រះត្រៃបិដក ភាគ ៧៥

ពួក​យើង​ជា​អ្នកមានសីល មាន​សេចក្តី​ករុណា មានចិត្ត​ប្រកបដោយ​ភាវនា បាន​ប្រគេន​នូវ​សំពត់​មានតម្លៃ​ផង នូវ​ភោជន​មាន​រស​ដ៏​ថ្លៃថ្លា​ផង នូវ​សេនាសនៈ​ជាទី​ត្រេកអរ​ផង នូវ​ភេសជ្ជៈ​ជា​ប្រយោជន៍​ផង ដែល​កើតឡើង​ដោយ​ធម៌ ដល់​ព្រះ​មុនី ព្រមទាំង​ព្រះសង្ឃ ហើយ​បម្រើ​ព្រះ​នាយក ដោយ​មេត្រីចិត្ត​សព្វកាល។ កាលដែល​ព្រះអង្គ​ជាកំពូល​នៃ​លោក ទ្រង់​បរិនិព្វាន​ទៅ ពួក​យើង​ក៏​នាំគ្នា​ធ្វើការ​បូជា សមគួរ​តាម​កម្លាំង​ធនធាន។ ពួក​យើង​ទាំងអស់គ្នា ច្យុត​អំពី​មនុស្សលោក​នោះ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស សោយ​មហា​សុខ​ក្នុង​ឋាន​តាវត្តិង្ស​នោះ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ជាង​ក្រងផ្កា បាន​នូវ​ផ្កា រមែង​សម្តែង​នូវ​ការ​ធ្វើ​រំ​លេច​ផេ្សងៗ ច្រើនយ៉ាង យ៉ាងណាមិញ ចំណែកខាង​ខ្ញុំ កាល​កើត​ក្នុង​ភព បាន​ជាធំ​ក្នុង​ដែន​វិទេហៈ ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 637643826010217841
ទៅកាន់ទំព័រ៖