ព្រះត្រៃបិដក ភាគ ៧៥
ម្នាលកូន អ្នកត្រូវសេចក្តីសោកគ្របសង្កត់ដូចម្តេច ចូរប្រាប់សេចក្តីឈើចិត្តរបស់អ្នកមក។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនបានបព្វជ្ជាក្នុងសាសនា ដែលព្រះអង្គសម្តែងដោយល្អទេ ខ្ញុំព្រះអង្គកើតទុក្ខព្រោះសេចក្តីស្តាយនោះ បពិត្រព្រះនាយក សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។ គ្រានោះ ព្រះមុនីទី ៧ ប្រមូលភិក្ខុទាំងឡាយមកហើយ ត្រាស់សួរថា ពួកភិក្ខុណា នឹកឃើញគុណរបស់ព្រាហ្មណ៍នេះ ពួកភិក្ខុនោះ ចូរពោលមក។ គ្រានោះ ព្រះសារីបុត្តបានពោលថា ខ្ញុំព្រះករុណានឹកឃើញគុណរបស់ព្រាហ្មណ៍នេះ ដ្បិតព្រាហ្មណ៍នេះ បានប្រើគេឲ្យប្រគេនចង្ហាន់មួយវែកដល់ខ្ញុំព្រះអង្គ កាលត្រាច់ទៅបិណ្ឌបាត។ ម្នាលសារីបុត្រ ប្រពៃហើយៗ អ្នកជាមនុស្សកតញ្ញូនឹងព្រាហ្មណ៍នេះ អ្នកចូរបំបួសព្រាហ្មណ៍ចាស់នេះចុះ ព្រោះព្រាហ្មណ៍នេះ នឹងជាបុគ្គលគួរគេបូជា។ លំដាប់នោះ ខ្ញុំក៏បានបព្វជ្ជា ព្រមទាំងឧបសម្បទាដោយកម្មវាចា។
ID: 637643828685387871
ទៅកាន់ទំព័រ៖