ព្រះត្រៃបិដក ភាគ ៧៥
ពេញប្រៀបដោយរោគឃ្លង់ គ្រប់ ៥០០ ជាតិ រងសេចក្តីទុក្ខធំ ដោយផលនៃកម្មនោះ។ ក្នុងកប្បនេះ ខ្ញុំមានចិត្តជ្រះថ្លា បានញុំាងព្រះបច្ចេកពុទ្ធព្រះនាម ឧបរិដ្ឋៈ មានយស ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់បិណ្ឌបាត។ ដោយអំពើវិសេសនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ លុះដល់បច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលក្សត្រ អំណឹះឥតពីព្រះបិតាទៅ ខ្ញុំក៏បានឆ្អែតស្កប់ស្កល់ដោយរាជសម្បត្តិធំ។ ខ្ញុំត្រូវរោគឃ្លង់គ្របសង្កត់ ឥតបានសុខក្នុងរាត្រីឡើយ សេចក្តីសុខក្នុងរាជសម្បត្តិ ជារបស់សោះសូន្យទទេ ព្រោះហេតុណា ព្រោះហេតុនោះ បានជាខ្ញុំមានឈ្មោះថាមោឃរាជ។ ខ្ញុំឃើញទោសរបស់កាយហើយ ក៏ចូលទៅកាន់ផ្នួស បានចូលទៅធ្វើជាសិស្សរបស់ពាវរីព្រាហ្មណ៍ ដែលជាកំពូលព្រាហ្មណ៍។
ID: 637643829897731600
ទៅកាន់ទំព័រ៖