ព្រះត្រៃបិដក ភាគ ៧៥

គ្រាន់តែ​ចប់​គាថា ខ្ញុំ​វៀរ​ស្រឡះ​ចាក​សក់ និង​ពុកមាត់ ស្លៀកសំពត់​កាសាវៈ បាន​ក្លាយទៅជា​អរហន្ត​ភិក្ខុ​ភ្លាម។ ខ្ញុំ​ត្រូវ​រោគ​បៀតបៀន​ហើយ មិន​ហ៊ាន​នៅក្នុង​វិហារ​របស់​សង្ឃ ត្រូវ​គេ​រុកកួន​ដោយ​សំដី​ថា អ្នក​កុំ​ប្រទូស្ត​វិហារ។ លំដាប់នោះ ខ្ញុំ​បាន​នាំ​យក​សំពត់​អំពី​គំនរសំរាម​ខ្លះ ព្រៃស្មសាន​ខ្លះ ច្រក​ខ្លះ មក​ធ្វើជា​សង្ឃាដី ហើយ​ប្រើប្រាស់​តែ​ចីវរ​សៅហ្មង។ ព្រះពុទ្ធ​ជាម​ហា​ពេទ្យ ដឹកនាំ​សត្វ ទ្រង់​ត្រេកអរ​ក្នុង​គុណ​របស់ខ្ញុំ​នោះ​ហើយ ក៏​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ជាង​ពួក​ភិក្ខុ​ទ្រទ្រង់នូវ​ចីវរ​សៅហ្មង។ ខ្ញុំ​ជា​បុគ្គល​អស់បុណ្យ និង​បាប វៀរ​ស្រឡះ​ចាក​រោគ​គ្រប់យ៉ាង ឥតមាន​អាសវៈ ដូចជា​ភ្លើង​ឥត​កំញម នឹង​បរិនិព្វាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 637643830376013071
ទៅកាន់ទំព័រ៖