ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​មានចិត្ត​រីករាយ បាន​ដាក់ផ្លែ​ស្វាយ​ក្នុង​បាត្រ ថ្វាយព្រះ​មហាមុនី រួច​ធ្វើ​អញ្ជលី​ដោយ​ស្លាប​ទាំងពីរ ស្រែក​ដោយ​សំឡេង​ដ៏​ពីរោះ កាល​ស្រែក​ដោយ​សំឡេង​គួរ​ត្រេកអរ គួរ​ស្តាប់ ដ៏​ទន់​ពីរោះ ដើម្បី​ពុទ្ធបូជា​ហើយ ក៏​ហើរ​ទៅកាន់​ទ្រនំ ហើយ​ដេកលក់។ គ្រានោះ សត្វ​ខ្វែង ជា​សត្វ​ចិត្តអាក្រក់ ហើរ​មក​ឆាប​យក​ខ្ញុំ ដែល​កំពុង​មានចិត្ត​រីករាយ មាន​អធ្យាស្រ័យ​ស្រឡាញ់​ចំពោះ​ព្រះពុទ្ធ។ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ ក៏បាន​ទទួល​មហា​សុខ ក្នុង​ឋាន​តុសិត (លុះ​ច្យុត​ចាក​ឋាន​តុសិត) ក៏បាន​មកកាន់​កំណើត​មនុស្ស ព្រោះ​អានិសង្ស​នៃ​កុសលកម្ម​នោះ​ឯង។ ក្នុង​កប្ប​នេះ ព្រះពុទ្ធ​ព្រះ​នា​មកស្សបៈ​ដោយ​គោត្រ មានផៅ​ពង្ស​ប្រសើរ មានយស​ធំ ព្រះអង្គ​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ សេ្តច​កើតឡើង។ ព្រះអង្គ​បំភ្លឺ​សាសនា គ្រប​សង្កត់​តិរិ្ថយ​អាក្រក់ ទ្រង់​ទូន្មាន​ពួក​វេនេយ្យសត្វ រួចហើយ​ព្រះអង្គ ព្រមទាំង​ពួក​សាវ័ក​បរិនិព្វាន​ទៅ។
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 637643831860856554
ទៅកាន់ទំព័រ៖