ព្រះត្រៃបិដក ភាគ ៧៥

កាល​ព្រះអង្គ ជា​បុគ្គល​ប្រសើរ​ជាង​សត្វលោក បរិនិព្វាន​ហើយ ពួក​ជន​ច្រើន​គ្នា​កើត​សេចក្តី​ជ្រះថ្លា នាំគ្នា​ធ្វើ​ព្រះ​ស្តូប ដើម្បី​ជា​ពុទ្ធបូជា​ចំពោះ​ព្រះ​សាស្តា។ ពួក​ជន​ទាំងនោះ ប្រឹក្សា​គ្នា​យ៉ាងនេះ​ថា យើង​ទាំងឡាយ នឹង​ឲ្យ​ពួក​ជាង​ធ្វើ​ព្រះ​ស្តូប​កំពស់ ៧ យោជន៍ ស្អិតស្អាង​ដោយ​កែវ ៧ ប្រការ ថ្វាយព្រះ​ពុទ្ធ​ជាម​ហេ​សី។ កាលនោះ ខ្ញុំ​ជានា​យក​នៃ​សេនា​របស់​ព្រះបាទ​កិកិ​នៃ​ដែន​កាសី បាន​បង្គាប់​ឲ្យ​គេ​ធ្វើ​ចេតិយ ដែល​ត្រូវ​មាន​ទំហំ​ធំ ឲ្យ​មក​ជា​តូច​វិញ។ គ្រានោះ ពួក​ជន​ទាំងនោះ ក៏​នាំគ្នា​ធ្វើ​ចេតិយ​តាម​ពាក្យ​ខ្ញុំ កំពស់​មួយ​យោជន៍ សឹង​ស្អិតស្អាង​ដោយ​កែវ​ផ្សេងៗ ថ្វាយព្រះ​ពុទ្ធ ជា​អ្នកប្រាជ្ញ​ប្រសើរ​ជាង​ជន។ ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ល្អ​នោះ​ផង ដោយ​កា​រតំ​កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំ​កើត​ក្នុង​ត្រកូល​សេដ្ឋី​ក្រុង​សាវត្ថី ជា​ក្រុង​ដ៏​ប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យ​ច្រើន។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637643832069919140
ទៅកាន់ទំព័រ៖