ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង ទាំងបានជាសេ្តចចក្រពត្តិ អស់ ៨០ ដង។ ខ្ញុំបានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំជាបុគ្គលមានសេចក្តីសុខ មានយស នេះជាផលនៃការថ្វាយគ្រែ។ កាលខ្ញុំច្យុតចាកទេវលោក មកកាន់ភពជារបស់មនុស្សវិញ ទីសម្រាប់ដេកដ៏ល្អមានតម្លៃច្រើន ក៏កើតឡើងឯងៗ សម្រាប់ខ្ញុំ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងតែប្រព្រឹត្តទៅ ថ្ងៃនេះ ទីសម្រាប់ដេក ក៏កើតឡើង (សម្រាប់ខ្ញុំ) ក្នុងកាលជាទីដេក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនគ្រែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយគ្រែ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។
ID: 637643679598982085
ទៅកាន់ទំព័រ៖