ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​ឃើញ​ព្រះ​សុគត កំពុង​ចូល​ទៅ​ក្នុង​បុរី ក៏​មានចិត្ត​ស្ញប់ស្ញែង បាន​ចូល​ទៅ​បួស មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​សម្រេច​ព្រះ​អរហត្ត។ ខ្ញុំ​បាន​ធ្វើ​ចេតិយ​ឲ្យ​មាន​ទំហំ​តូច​ណា ព្រោះ​អំពើនោះ​ឯង បាន​ជា​ខ្ញុំ​កើតមក​មាន​សរីរៈ​តឿ គួរ​ដល់​ការ​មើលងាយ (នៃ​អ្នកផង)។ ខ្ញុំ​បាន​ដល់​នូវ​ភាពជា​បុគ្គល​ប្រសើរ (ខាង​មាន​សំឡេង​ពីរោះ) ជាង​ពួក​ភិក្ខុ​ដែល​មាន​សំឡេង​ពីរោះ ព្រោះ​បាន​បូជា​ព្រះពុទ្ធ ជា​ឥសី​ទី ៧ ដោយ​សំឡេង​ដ៏​ពីរោះ។ ខ្ញុំ​បានសម្រេច​នូវ​សាមញ្ញ​ផល ឥតមាន​អាសវៈ ព្រោះ​បាន​ថ្វាយ​ផ្លែស្វាយ​ដល់​ព្រះពុទ្ធ និង​ការ​នឹករលឹក​គុណ​នៃ​ព្រះពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 637643832317732051
ទៅកាន់ទំព័រ៖