ព្រះត្រៃបិដក ភាគ ៧៥
មានប្រាជ្ញាច្រើន មានព្យាយាមធំ មានឈានធំ មានគតិធំ ប្រកបដោយមហាករុណា ជាទីពឹងនៃសត្វលោក ទ្រង់កំចាត់បង់នូវងងឹតធំ គឺមោហៈ។ ព្រះអង្គជាកំពូលនៃត្រៃលោក ទ្រង់ជ្រាបច្បាស់នូវចិត្តសត្វ ជាអ្នកប្រាជ្ញ កាលទូន្មាននូវវេនេយ្យសត្វហើយ ទ្រង់សម្តែងធម៌ច្រើន។ ព្រះជិនស្រី ទ្រង់សរសើរនូវបុគ្គលអ្នកមានឈាន ត្រេកអរក្នុងឈាន មានព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនល្អក់ ទ្រង់ញុំាងពួកជនឲ្យត្រេកអរក្នុងកណ្តាលបរិស័ទ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ ដល់នូវត្រើយនៃវេទ នៅក្នុងក្រុងហង្សវតី លុះស្តាប់ធម៌ហើយ មានចិត្តរីករាយ ទើបប្រាថ្នានូវតំណែងនោះ។
គ្រានោះ ព្រះជិនស្រី ជានាយក ទ្រង់ព្យាករក្នុងកណ្តាលនៃជំនុំសង្ឃថា ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរចុះ អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តប៉ុនប៉ងពុំខាន។
ID: 637643832944919108
ទៅកាន់ទំព័រ៖