ព្រះត្រៃបិដក ភាគ ៧៥
ហេតុនោះ ខ្ញុំឈ្មោះថា ជាអ្នកមានសង្សារឆ្លងផុតហើយ ត្រេកអរចំពោះសេចក្តីសុខក្នុងឈាន។ គ្រានោះ ព្រះពុទ្ធទ្រង់ឃើញខ្ញុំហើយ ទ្រង់ប្រកាសពាក្យនេះថា
សេចក្តីសង្ស័យណាមួយក្នុងលោកនេះ ឬក្នុងលោកខាងមុខ ពួកបុគ្គលមានឈាន មានព្យាមយាម ជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ តែងលះបង់នូវសេចក្តីសង្ស័យនោះបាន ដោយប្រាជ្ញានៃខ្លួន ឬដោយប្រាជ្ញានៃអ្នកដទៃ។ អំពើដែលខ្ញុំបានធ្វើក្នុងកប្បទីមួយសែន ក៏បង្ហាញផលដល់ខ្ញុំក្នុងជាតិនេះ ខ្ញុំបានដុតបំផ្លាញកិលេសទាំងឡាយហើយ ដូចសន្ទុះសរដែលរបូតផុតចេញ (ចាកធ្នូ)។ ព្រះមុនី ទ្រង់ដល់នូវទីបំផុតនៃលោក មានប្រាជ្ញាច្រើន ទ្រង់ឃើញខ្ញុំជាអ្នកត្រេកអរក្នុងឈានដូច្នោះ ក៏តាំងខ្ញុំជាអ្នកប្រសើរ ជាងពួកភិក្ខុអ្នកមានឈាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643833456012807
ទៅកាន់ទំព័រ៖