ព្រះត្រៃបិដក ភាគ ៧៥

កាលនោះ ខ្ញុំ​ជា​អ្នកចេះ​ថែរក្សា រវាសរ​វៃ និង​ការ​ឈឺឆ្អាល​ក្នុង​ការងារ របស់​ត្រកូល​មួយ នៅក្នុង​នគរ​ពន្ធុ​មតី។ គ្រានោះ ពួក​ជន​មួយ​ក្រុម បាន​ឲ្យ​ជាង​កសាង​បរិវេណ ដែល​ប្រាកដ​ថា​ជា​បរិវេណ​ធំ ថ្វាយព្រះ​ពុទ្ធ ព្រះនាម​វិបស្សី ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ។ លុះ​ធ្វើ​បរិវេណ​រួចស្រេច ពួក​ជន​ទាំងនោះ​នាំគ្នា​ថ្វាយ​មហាទាន ប្រកបដោយ​បង្អែម ខ្ញុំ​ពិនិត្យមើល (ក្នុង​មហាទាន​នោះ) មិនឃើញ​មាន​ទឹកដោះជូរ​ថ្មី និង​ទឹកឃ្មុំ​សោះ។ គ្រានោះ ខ្ញុំ​កំពុងតែ​កាន់​ទឹកដោះជូរ​ថ្មី និង​ទឹកឃ្មុំ​ដើរទៅ​ផ្ទះ​នៃ​ម្ចាស់ការ​ងារ ស្រាប់តែ​ពួក​អ្នក​ស្វែងរក​វត្ថុ​នោះ បាន​ជួបនឹង​ខ្ញុំ។ គេ​បាន​ឲ្យថ្លៃ ២០០ រហូតដល់ ១ ពាន់ ក៏​នៅតែ​មិនបាន លំដាប់នោះ ខ្ញុំ​គិតថា វត្ថុ​នុ៎ះ មិនមែន​ជា​របស់ថោកទាប។ ពួក​ជន​ទាំងនេះ គ្រប់គ្នា​ធ្វើសក្ការៈ​ចំពោះ​ព្រះ​តថាគត​យ៉ាងណា អាត្មាអញ​នឹង​ធ្វើសក្ការៈ​ចំពោះ​ព្រះ​លោកនាយក ព្រមទាំង​ព្រះសង្ឃ យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 637643834707575363
ទៅកាន់ទំព័រ៖