ព្រះត្រៃបិដក ភាគ ៧៥
ព្រោះហេតុតែបិទទ្វារនគរ ដោយអាងបុណ្យនៃខ្លួនជាក្សត្រ មាតារបស់ខ្ញុំកើតទុក្ខយ៉ាងនោះដែរ ព្រោះឲ្យឆន្ទៈដល់ខ្ញុំ។ ក្នុងថ្ងៃដែលប្រសូតចេញមក ខ្ញុំប្រសូតចេញមកដោយសុវត្ថិភាព ត្រូវព្រះពុទ្ធអនុគ្រោះ ក៏បានចូលទៅកាន់ផ្នួស។ ព្រះសារីបុត្រ ជាឧបជ្ឈាយ៍របស់ខ្ញុំ ព្រះមោគ្គល្លានមានឫទ្ធិច្រើន មានប្រាជ្ញាច្រើន បានកោរសក់ ហើយប្រៀនប្រដៅខ្ញុំ។ កាលដែលសក់ដាច់ចុះ ខ្ញុំក៏បានលុះអរហត្ត ពួកទេវតា នាគ និងពួកមនុស្ស តែងបង្អោនបច្ច័យទាំងឡាយ មកឲ្យខ្ញុំ។ ខ្ញុំមានចិត្តរីករាយ បានបូជាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ និងព្រះនាយក ព្រះនាមវិបស្សី ដោយបច្ច័យទាំងឡាយដ៏វិសេស។ ព្រោះហេតុនោះ ទើបខ្ញុំបាននូវលាភដ៏ទូលាយ ខ្ពង់ខ្ពស់ ក្នុងទីសព្វអន្លើ គឺព្រៃ ស្រុក ទីទឹក ទីគោក ដោយផលដ៏វិសេសនៃកម្មទាំងនោះ។ កាលណា ព្រះសម្ពុទ្ធជានាយក ព្រះអង្គជាកំពូលនៃលោក នឹងដឹកនាំសត្វ ស្តេចទៅជួបនឹងព្រះថេរៈឈ្មោះរេវតៈ មួយអន្លើដោយភិក្ខុ ៣ ម៉ឺនរូប។
ID: 637643835135387843
ទៅកាន់ទំព័រ៖