ព្រះត្រៃបិដក ភាគ ៧៥
ព្រះជិនស្រីនោះ ព្រះអង្គដល់នូវទីបំផុតនៃលោក ក្នុងលោក ទ្រង់ញុំាងឈូកគឺវេនេយ្យសត្វ ឲ្យពេញចិត្តដោយរស្មីទាំងឡាយ ឲ្យត្រាស់ដឹងដោយពាក្យ (របស់ព្រះអង្គ)។ ព្រះអង្គបរិបូណ៌ដោយវេសារជ្ជធម៌ទាំង ៤ ជាបុរសដ៏ឧត្តម មានភ័យ និងសេចក្តីកោតញញើតលះបង់ហើយ ទ្រង់ដល់នូវទីដ៏ក្សេម ជាអ្នកក្លៀវក្លា។ ព្រះអង្គជាបុគ្គលប្រសើរក្នុងលោក ទ្រង់ប្តេជ្ញានូវពុទ្ធភូមិ ដែលជាទីដ៏ប្រសើរថ្លៃថ្លាទាំងអស់ ព្រះអង្គគ្មានបុគ្គលណាមួយដាស់តឿនឡើយ។ កាលព្រះអង្គជាតាទិបុគ្គល បន្លឺនូវសីហនាទ ឥតមានញញើត មិនមានទេវតា និងនរជន ឬព្រហ្មពោលតបតបានឡើយ។ ព្រះអង្គកាលសម្តែងធម៌ដ៏ប្រសើរ ញុំាងមនុស្ស ព្រមទាំងទេវតាឲ្យឆ្លង (នូវវដ្តៈទាំង ៣) ញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ទ្រង់ជាអ្នកក្លៀវក្លាក្នុងបរិស័ទ។ ព្រះអង្គប្រកាសនូវគុណដ៏ច្រើន នៃសាវ័កមួយរូប ដ៏ប្រសើរជាងពួកលោកមានបដិភាណ ដែលគេសន្មតថាជាសប្បុរស ហើយតាំងសាវ័កនោះ ក្នុងទីជាឯតទគ្គៈ។
ID: 637643835860856583
ទៅកាន់ទំព័រ៖