ព្រះត្រៃបិដក ភាគ ៧៥
កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះវង្គីសៈ នៅក្នុងនគរហង្សវតី ចេះចប់នូវវេទសព្វគ្រប់ គេសន្មតថាជាសប្បុរស ជាអ្នកបង្ហូរនូវពាក្យប្រៀនប្រដៅ។ ខ្ញុំបានចូលទៅជិតព្រះអង្គមានព្យាយាមធំ ហើយស្តាប់ធម៌ទេសនា បាននូវបីតិដ៏ប្រសើរ ក៏ត្រេកអរក្នុងគុណនៃសាវ័ក។ កាលនោះ ខ្ញុំនិមន្តព្រះសុគត ព្រមទាំងព្រះសង្ឃ ដែលជាអ្នកញុំាងសត្វលោកឲ្យត្រេកអរ មកឆាន់អស់ ៧ ថ្ងៃ ហើយឲ្យគេបិទបាំងដោយសំពត់ទាំងឡាយ។ ខ្ញុំបានក្រាបក្បាលទៀបព្រះបាទា (នៃព្រះអង្គ) លុះព្រះអង្គបើកឱកាសឲ្យខ្ញុំហើយ ខ្ញុំបានធ្វើនូវអញ្ជលី ឋិតនៅក្នុងទីដ៏សមគួរ មានចិត្តត្រេកអរ សរសើរនូវព្រះជិនស្រីដ៏ឧត្តមថា បពិត្រព្រះអង្គ ទ្រង់បង្ហូរនូវពាក្យប្រៀនប្រដៅ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាឥសីទី ៧ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាបុគ្គលប្រសើរជាងសត្វលោកទាំងអស់ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវអភ័យ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។
ID: 637643836062419045
ទៅកាន់ទំព័រ៖