ព្រះត្រៃបិដក ភាគ ៧៥

បពិត្រ​ព្រះអង្គ ទ្រង់​ញំា​ញី​នូវ​មារ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​បង្ហូរ​នូវ​ទិដ្ឋិ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​ឲ្យ​នូវ​សន្តិសុខ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​ធ្វើ​នូវ​ទីពឹង ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។ ព្រះអង្គ​ដ៏​ចម្រើន ជាទី​ពឹង​នៃ​សត្វ​ដែល​ពុំ​មាន​ទីពឹង ទ្រង់ប្រទាន​នូវ​អភ័យ​ដល់​សត្វ​ដែល​មាន​ភ័យ ទ្រង់​ស្និទ្ធស្នាល​របស់​សត្វ​ទាំងឡាយ ដែល​មាន​ភូមិ​ដ៏​ស្ងប់ ជាទី​ពឹង​របស់​ពួក​ជន​អ្នក​ស្វែងរក​នូវ​ទីពឹង។ លុះ​ខ្ញុំ​សរសើរ​ព្រះសម្ពុទ្ធ​មានគុណ​ធំ ដោយ​ពាក្យ​ទាំងឡាយ មាន​យ៉ាងនេះ​ជាដើម រួច​បាន​ពោល​ថា ខ្ញុំ​សូម​ដល់​នូវ​គតិ​របស់​ភិក្ខុ ដែល​ជា​អ្នក​ក្លៀវក្លា ជាង​ភិក្ខុ​អ្នកមាន​វាទៈ​ក្លៀវក្លា។
 កាលនោះ ព្រះមានព្រះភាគ ព្រះអង្គ​មាន​បដិភាណ​គ្មាន​ទីបំផុត បាន​ត្រាស់​ថា បុគ្គល​ណា បាន​ញុំាង​ព្រះពុទ្ធ ព្រមទាំង​សាវ័ក ឲ្យ​ឆាន់​អស់ ៧ ថ្ងៃ ជ្រះថ្លា (ប្រណម្យ) ដោយដៃ​របស់​ខ្លួន សរសើរ​នូវ​គុណ​នៃ​តថាគត បុគ្គល​នុ៎ះ បា្រ​ថ្នា​នូវ​តំណែង​របស់​ភិក្ខុ​អ្នក​ក្លៀវក្លា​ក្នុង​វាទៈ។
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637643836284450298
ទៅកាន់ទំព័រ៖