ព្រះត្រៃបិដក ភាគ ៧៥
ក៏ចេះចប់នូវត្រៃវេទទាំងអស់ ក្លៀវក្លាដោយវាទសាស្រ្ត មានសំឡេងដ៏ពីរោះ មានសំដីដ៏វិចិត្រ ជាអ្នកញំាញីនូវវាទៈនៃបុគ្គលដទៃ។ ឯនាមដ៏ប្រសើររបស់ខ្ញុំ ដែលលោកសន្មតហើយថា វង្គីសៈ ព្រោះកើតក្នុងវង្គជនបទ ឬថា វង្គីសៈ ព្រោះជាឥស្សរៈក្នុងពាក្យ។ កាលណា ខ្ញុំបានដឹងក្តី ឋិតនៅក្នុងបឋមវ័យ កាលនោះ ខ្ញុំបានជួបនឹងព្រះសារីបុត្ត ក្នុងក្រុងរាជគ្រិះ ដែលជាទីរីករាយ។
ចប់ ភាណវារៈ ទី២៥។
ខ្ញុំឃើញព្រះសារីបុត្តនោះ កំពុងត្រាច់ទៅបិណ្ឌបាត មានបាត្រក្នុងដៃ លោកសង្រួមល្អ មានភ្នែកមិនរឡេមរឡាម និយាយល្មមកំណត់ ក្រឡេកមើលត្រឹមមួយជួរនឹម លុះឃើញលោកហើយ មានសេចក្តីអស្ចារ្យ បានពោលពាក្យគួរសម ជាបទគាថាវិចិត្រ ដូចផ្កាកណិការដែលគេវិចិត្រហើយ។
ID: 637643836775856590
ទៅកាន់ទំព័រ៖