ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានទទួលពាក្យប្តេជ្ញាថា ព្រះករុណាព្រះអង្គ ព្រះពុទ្ធទ្រង់បង្ហាញនូវក្បាល ៣ ខ្ញុំក៏ក្រាបទូលចំពោះក្បាល (មនុស្ស) ដែលទៅកើតក្នុងនរក និងទេវតា។
កាលនោះ ព្រះលោកនាយក បង្ហាញនូវក្បាលរបស់ព្រះខីណាស្រព លំដាប់នោះ ខ្ញុំទាល់គំនិត ក៏សូមបព្វជ្ជា។ លុះខ្ញុំបព្វជ្ជាហើយ ក៏សរសើរព្រះសុគត តាមតែក្នុងទីណាៗ ក៏ដោយ លំដាប់នោះ ភិក្ខុទាំងឡាយលើកទោស ថាជាអ្នករីករាយក្នុងកាព្យ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់ត្រាស់ដើម្បីល្បងមើលចំពោះខ្ញុំថា លុះតែបុគ្គលទាំងឡាយ ជាអ្នកត្រិះរិះ ទើបពោលគាថាទាំងឡាយ តាមដំណើរបាន មែនឬទេ។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនមែនជាអ្នកយកចិត្តតិចតួចក្នុងកាព្យទេ តែខ្ញុំព្រះអង្គពោលនូវគាថាទាំងឡាយ តាមដំណើរបាន។ ម្នាលវង្គីសៈ បើដូច្នោះ ឥឡូវនេះ អ្នកចូរសរសើរតថាគតតាមហេតុ ជាគាថាមកមើល។
ID: 637643837227575284
ទៅកាន់ទំព័រ៖