ព្រះត្រៃបិដក ភាគ ៧៥
កាលនោះ ខ្ញុំសរសើរព្រះអង្គជាអ្នកប្រាជ្ញ ជាឥសីទី ៧ ដោយគាថាទាំងឡាយ។ ព្រះជិនស្រីអង្គនោះ មានព្រះហឫទ័យត្រេកអរមួយរំពេច ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំកន្លងបង់នូវបុគ្គលដទៃ ដោយចិត្តដ៏ឈ្លាសវៃបាន ខ្ញុំជាបុគ្គលមានសីលជាទីស្រឡាញ់ មានសេចក្តីសង្វេគ ដោយបដិភាណចិត្ត ក៏បានដល់នូវអរហត្ត។
ភិក្ខុដទៃណាមួយ ជាបុគ្គលប្រសើរជាងភិក្ខុ អ្នកមានបដិភាណ ដូចជាវង្គីសភិក្ខុនេះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះចុះ។
កម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំ ក្នុងលោកនេះ ខ្ញុំដកផុតចាកកិលេសហើយ ដូចជាសន្ទុះសរ របូតផុតចាកបំពង់ព្រួញ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643837604294122
ទៅកាន់ទំព័រ៖