ព្រះត្រៃបិដក ភាគ ៧៥
ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្នុងក្រុងសាវត្ថី ជាបុរីប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន។ ខ្ញុំបានឃើញព្រះសុគត ទៀបមាត់ទ្វារនៃបុរី ក៏មានចិត្តរន្ធត់ កាលព្រះសុគតទទួលវត្តជេតពន ខ្ញុំចូលទៅកាន់ផ្នួស។ លំដាប់នោះ ខ្ញុំត្រូវព្រះសម្ពុទ្ធ ទ្រង់ឃើញសព្វ ប្រៀនប្រដៅហើយ មានសង្សារឆ្លងហើយ ក៏បានដល់អរហត្ត ដោយកាលមិនយូរប៉ុន្មាន។ ខ្ញុំបានធ្វើនូវធម្មកថា និងបរិបុច្ឆា ចំពោះនាងភិក្ខុនីទាំងឡាយ ភិក្ខុនីទាំងអស់នោះ ចំនួន ៥០០ រូបឥតខ្វះ ដែលខ្ញុំទូន្មានហើយ ក៏បានទៅជាភិក្ខុនីមិនមានអាសវៈ។ កាលនោះ ព្រះមានព្រះភាគ មានព្រះទ័យត្រេកអរ ទ្រង់ធ្វើប្រយោជន៍ដ៏ធំ ទ្រង់តាំងខ្ញុំក្នុងតំណែងដ៏ប្រសើរ ជាងពួកសាវ័កអ្នកទូន្មានពួកភិក្ខុនី។
ID: 637643838708669197
ទៅកាន់ទំព័រ៖