ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកាលនោះ ផែនដីក៏លាន់ឮ មេឃក៏គ្រហឹម ពួកទេវតា ព្រហ្ម មនុស្ស អសុរ ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱ! ព្រះសាស្តា ទ្រង់ប្រកបដោយករុណា ឱ! ព្រះសទ្ធម្មទេសនា ឱ! ព្រះជិនស្រី ទ្រង់ស្រង់ទេវតា មនុស្សសត្វ ដែលមុជចុះក្នុងសមុទ្រ គឺភព ឡើងបាន។ (កាលបើសត្វទាំងឡាយ) ព្រមទាំងមនុស្ស ទេវតា ព្រហ្ម កើតសេចក្តីសង្វេគយ៉ាងនេះហើយ ព្រះជិនស្រី ទ្រង់សរសើរនូវសាវ័ក ដែលប្រសើរជាងបុគ្គលជ្រះថ្លា ក្នុងត្រកូលទាំងឡាយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ក្នុងហង្សវតីនគរ ជាបុគ្គលប្រកបដោយសេចក្តីជ្រះថ្លា គួរឲ្យរមិលមើល មានទ្រព្យ និងស្រូវច្រើន។ ខ្ញុំចូលទៅក្នុងហង្សារាម ថ្វាយបង្គំព្រះតថាគតនោះ ស្តាប់នូវធម៌ដ៏ពីរោះ ហើយធ្វើនូវគ្រឿងសក្ការៈដល់ព្រះតថាគត ជាតាទិបុគ្គល។ ខ្ញុំក្រាបទៀបព្រះបាទា ពោលពាក្យនេះថា បពិត្រព្រះមុនី បុគ្គលណា ប្រសើរជាងបុគ្គលអ្នកជ្រះថ្លាក្នុងត្រកូល ក្នុងសាសនានៃព្រះអង្គ។
ID: 637643839477887847
ទៅកាន់ទំព័រ៖