ព្រះត្រៃបិដក ភាគ ៧៥
ចិត្តរបស់ខ្ញុំឥតមានកករល្អក់ឡើយ ជាចិត្តសស្អាតសព្វៗ កាល ខ្ញុំមិនដែលស្គាល់នូវសរ គឺសេចក្តីសោក ដែលជាហេតុញុំាងចិត្តរបស់ខ្ញុំឲ្យក្តៅក្រហាយឡើយ។ រោគឃ្លង់ រោគបូស រោគស្រែង រោគឆ្កួតជ្រូក ឃ្លង់ដែក ដំនួចពិស រមាស់ ខ្ញុំពុំដែលមានឡើយ នេះជាផលនៃការបោសសំអាត។ សេចក្តីសោក និងសេចក្តីក្តួលក្តៅក្នុងហឫទ័យ ខ្ញុំមិនដែលមានទេ ចិត្តរបស់ខ្ញុំជាចិត្តត្រង់ មិនភាន់ភាំង នេះជាផលនៃការបោសសំអាត។ ខ្ញុំដល់នូវសមាធិម្តងទៀត ចិត្តនៃខ្ញុំជាធម្មជាតបរិសុទ្ធ ខ្ញុំប្រាថ្នាសមាធិណាៗ សមាធិនោះៗ រមែងសម្រេចដល់ខ្ញុំ។ ខ្ញុំមិនដែលត្រេកត្រអាលចំពោះរបស់ដែលគួរត្រេកត្រអាល ម្យ៉ាងទៀត ខ្ញុំមិនដែលប្រទូស្តចំពោះរបស់ដែលគួរប្រទូស្ត មិនបានវង្វេងចំពោះរបស់ដែលគួរវង្វេង នេះជាផលនៃការបោសសំអាត។
ID: 637643680539138236
ទៅកាន់ទំព័រ៖