ព្រះត្រៃបិដក ភាគ ៧៥
ដោយវិបាកនៃកុសលកម្មនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលអាមាត្យជាធំ ក្នុងកបិលវត្ថុបុរី ជាទីរីករាយ មានព្រះបាទសុទោ្ធទនៈជាម្ចាស់ផែនដី។ កាលនោះ ព្រះសិទ្ធត្ថកុមារ ជាអ្នកអង់អាចជាងនរជន បានកើតឡើងក្នុងព្រៃលុម្ពិនី ជាទីរីករាយ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់សព្វសត្វលោក។ ខ្ញុំកើតក្នុងថ្ងៃនោះដែរ មានវ័យចម្រើនឡើងជាមួយនឹងព្រះសិទ្ធត្ថកុមារនោះ ជាសម្លាញ់ជាទីស្រឡាញ់ ប្រកបដោយសេចក្តីអាណិត ជាអ្នកស្និទ្ធស្នាល ឈ្លាសវៃក្នុងនីតិសាស្ត្រ។ ព្រះសិទ្ធត្ថកុមារនោះ មានវ័យ ២៩ ឆ្នាំ ក៏ចេញទៅបួស ញុំាងកាលឲ្យកន្លងទៅ អស់ ៦ វស្សា បានត្រាស់ជាព្រះពុទ្ធ ដឹកនាំ (សត្វលោក)។
ID: 637643839950856555
ទៅកាន់ទំព័រ៖