ព្រះត្រៃបិដក ភាគ ៧៥
ព្រះអង្គឈ្នះមារ ព្រមទាំងសេនា ហើយញុំាងអាសវៈឲ្យអស់ ទ្រង់ឆ្លងអន្លង់គឺភព បានជាព្រះពុទ្ធក្នុងមនុស្សលោក និងទេវលោក។ ទ្រង់ស្តេចទៅកាន់ព្រៃ ឈ្មោះឥសិបតនៈ ទូន្មានបញ្ចវគ្គិយភិក្ខុ តពីនោះមក ព្រះមានព្រះភាគ ក៏ស្តេចទៅក្នុងទីនោះៗ ហើយទូន្មាន (សត្វ)។ ព្រះមានព្រះភាគនោះ កាលទូន្មានពួកសត្វដែលគួរទូន្មាន សង្រ្គោះនូវមនុស្ស និងទេវតា រួចស្តេចចូលទៅឯភ្នំក្នុងដែនមគធៈ កាលនោះ ព្រះជិនស្រី ទ្រង់គង់ (លើភ្នំនោះ)។ ពេលនោះ ខ្ញុំត្រូវព្រះបាទសុទ្ធោទនៈ ជាភូមិបាលបញ្ជូនទៅហើយ ខ្ញុំក៏ទៅ លុះខ្ញុំបានឃើញព្រះទសពលហើយ ក៏បួសបានជាអរហន្ត។ ខ្ញុំបានអារាធនាព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឲ្យចូលទៅកាន់ក្រុងកបិលពស្តុ លំដាប់នោះ ខ្ញុំទៅម្តងទៀត បានញុំាងមហាត្រកូលឲ្យជ្រះថ្លា។ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះ ព្រះអង្គជាបុរសប្រសើរ ជានាយកដ៏វិសេស បានតាំងខ្ញុំថាជាអ្នកប្រសើរជាងសាវ័ក អ្នកញុំាងត្រកូលឲ្យជ្រះថ្លា។
ID: 637643840160856519
ទៅកាន់ទំព័រ៖