ព្រះត្រៃបិដក ភាគ ៧៥

ព្រះអង្គ​ជា​អ្នកប្រាជ្ញ ទ្រង់ប្រទាន​នូវ​សាមញ្ញ​ផល​ដ៏​ឧត្តម ដល់​ពួក​សត្វ​ខ្លះ ម្យ៉ាងទៀត ទ្រង់​ញុំាង​សត្វ​ខ្លះ​ឲ្យ​ត្រាស់​ដឹង​នូវ​សមាបត្តិ ៨ និង​វិជ្ជា ៣។ ព្រះ​នរុ​ត្ត​ម ទ្រង់​ញុំាង​សត្វ​ពួក​ខ្លះ​ឲ្យ​ប្រកប​ក្នុង​អភិញ្ញា ៦ ព្រះ​លោកនាថ​នោះ ទ្រង់ប្រទាន​នូវ​បដិសម្ភិទា ៤ ដល់​ពួក​សត្វ​ខ្លះ។ ព្រះ​នរ​សារថី ទ្រង់​ឃើញ​នូវ​ពួក​សត្វ ដែល​គួរ​ទូន្មាន ឲ្យ​ត្រាស់​ដឹង​បាន សូម្បី​នៅក្នុង​ទី​ចម្ងាយ​មួយ​អសំខេយ្យ​យោជន៍ ក៏​ស្តេច​ទៅ​ទូន្មាន​ដោយ​មួយរំពេច​បាន។ កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍​ក្នុង​ក្រុង​ហង្ស​វតី បាន​ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំងពួង ចេះ​ចប់​នូវ​វេយ្យាករណ៍។ ជា​អ្នក​ឈ្លាស​ក្នុង​និរុត្តិ​ផង ក្លៀវក្លា​ក្នុង​គម្ពីរ​ឈ្មោះ​និ​ឃណ្ឌុ​ផង រៀន​នូវ​បទ​ផង ចេះ​នូវ​គម្ពីរ​ឈ្មោះ​កេដ្តុ​ភៈ​ផង ឈ្លាសវៃ​ដ៏​វិចិត្រ​ក្នុង​ឆន្ទសាស្រ្ត​ផង។ ខ្ញុំ​កាល​ត្រាច់​ទៅកាន់​ទី​សម្រាក​ស្មង ក៏​ចូល​ទៅ​ក្នុង​ហង្សា​រាម បានឃើញ​ព្រះសម្ពុទ្ធ​ប្រសើរ​ថ្លៃថ្លា មាន​មហាជន​ចោមរោម។
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 637643840695857395
ទៅកាន់ទំព័រ៖