ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​ជា​អ្នកដឹង​នូវ​បច្ច​និក​ធម៌ បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ ព្រះអង្គ​កំពុង​សម្តែង​ធម៌ ដែល​ប្រាសចាក​ធូលី ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ ដែល​ជា​ពាក្យ​មិន​មានមន្ទិល។ ខ្ញុំ​មិនឃើញ​នូវ​ការ​ភ្លាំងភ្លាត់ ដែល​ល្មម​បៀតបៀន​បាន ឬនូវ​ហេតុ​មិនជា​ទី​ប្រាថ្នា ឬក៏​នូវ​អំពើ​មិន​មានប្រយោជន៍ របស់​ព្រះ​មុនី​នោះ​សោះ លំដាប់នោះ ខ្ញុំ​ក៏​បួស (ក្នុង​សំណាក់​នៃ​ព្រះអង្គ)។ អស់​កាល​មិនយូរ​ប៉ុន្មាន ខ្ញុំ​ជា​បុគ្គល​ក្លៀវក្លា ក្នុង​ទី​ទាំងពួង គេ​សន្មត​ថា​ជា​អ្នកមាន​គណៈ ក្នុង​ពុទ្ធវចនៈ​ដ៏​ល្អិតល្អន់។ កាលនោះ ខ្ញុំ​ចងក្រង​នូវ​គាថា ៤ មាន​ព្យញ្ជនៈ​ដ៏​ល្អ ហើយ​សរសើរ​ព្រះពុទ្ធ ជាកំពូល​នៃ​ត្រៃលោក ហើយ​សម្តែង​ធម៌​រាល់ៗ ថ្ងៃ។ ព្រះ​មហា​វីរៈ ព្រះអង្គ​នៅក្នុង​សង្សារ​ដែល​ប្រកបដោយ​ភ័យ ទ្រង់​មាន​ព្រះទ័យ​នឿយណាយ តែ​ទ្រង់​មិនទាន់​និព្វាន ព្រោះ​មាន​សេចក្តី​អាណិត ហេតុ​នោះ ព្រះ​មុនី ឈ្មោះថា​មាន​សេចក្តី​ករុណា។
ថយ | ទំព័រទី ៣៩៤ | បន្ទាប់
ID: 637643840899919140
ទៅកាន់ទំព័រ៖