ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​ពុះពារ​នូវ​ស្បូវ​ត្រែង ថ្នា​កាំ ស្បូវ​រណ្តាស់ ស្មៅ​យាប្លង ស្មៅ​ដំណេក​ទន្សាយ​ទាំងអស់​ដោយ​ទ្រូង ហើយ​ចម្រើន​នូវ​វិវេក។ កាលនោះ ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ រឭក​នូវ​ឱវាទ គឺ​ភទ្ទេ​ករ​ត្ត​សូត្រ ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​ព្រះ​ជិនស្រី ហើយ​បាន​ដល់​អរហត្ត។ បុគ្គល​មិន​ត្រូវ​អាឡោះអាល័យ​នូវ​បញ្ចក្ខន្ធ​ដែល​កន្លងទៅ​ហើយ​ទេ មិន​ត្រូវ​ប្រាថ្នា​បញ្ចក្ខន្ធ​ដែល​ជា​អនាគត​ទេ ព្រោះ​បញ្ចក្ខន្ធ​ណា ជា​អតីត បញ្ចក្ខន្ធ​នោះ កន្លង​ផុត​ទៅ​ហើយ បញ្ចក្ខន្ធ​ណា ជា​អនាគត បញ្ចក្ខន្ធ​នោះ ក៏​មិនទាន់​មកដល់។ បុគ្គល​ណា ពិចារណា​ឃើញច្បាស់ នូវ​ធម៌​ជា​បច្ចុប្បន្ន ក្នុង​ទី​នោះៗ បុគ្គល​នោះ លុះ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន ដែល​មិន​ញាប់ញ័រ មិនបាន​កម្រើក​នោះ គប្បី​ចម្រើន​ឲ្យ​រឿយៗ។ ការ​ព្យាយាម​ជា​គ្រឿង​ដុត​កិលេស បុគ្គល​គួរតែ​ធ្វើ​ក្នុងថ្ងៃនេះ​ឯង អ្នកណា​នឹង​ដឹង​ថា សេចក្តី​ស្លាប់​នឹង​មាន​ក្នុង​ថ្ងៃស្អែក​បាន ព្រោះថា យើង​តទល់​នឹង​មច្ចុ ដែល​មាន​សេនា​ច្រើន​នោះ មិនបានសោះ​ឡើយ។
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 637643842644762906
ទៅកាន់ទំព័រ៖