ព្រះត្រៃបិដក ភាគ ៧៥
ឥឡូវនេះ មកដល់ក្នុងបច្ឆិមភព ព្រាហ្មណ៍ណា ជាវច្ឆគោត្រនៅក្នុងក្រុងកបិលពស្តុ ជាទីរីករាយ ខ្ញុំចុះចាប់បដិសន្ធិ ក្នុងផ្ទៃភរិយារបស់ព្រាហ្មណ៍នោះ។ កាលខ្ញុំនឹងប្រសូតចាកផ្ទៃមកខាងក្រៅ មាតារបស់ខ្ញុំមានសេចក្តីប្រាថ្នា គឺមានបា្រថ្នាដើម្បីនៅក្នុងព្រៃជិតទីដែលខ្ញុំនឹងកើត។ លំដាប់នោះ មាតាបានបង្កើតខ្ញុំ ត្រង់ចន្លោះព្រៃគួរជាទីរីករាយ ជនទាំងឡាយបានទទួលខ្ញុំ កាលចេញមកអំពីគភ៌ ដោយសំពត់កាសាយៈ។ លំដាប់នោះ សិទ្ធត្ថកុមារ ទ្រង់កើតហើយ ជាទង់ជ័យនៃសាក្យត្រកូល ខ្ញុំជាមិត្តរបស់សិទ្ធត្ថកុមារនោះ ជាទីស្រឡាញ់សិ្នទ្ធស្នាល រាប់អានគ្នាជាទីបំផុត។ កាលព្រះសិទ្ធត្ថៈជាខ្លឹមរបស់សត្វ ទ្រង់ចេញបួស ខ្ញុំក៏លះបង់យសដ៏ធំ ហើយបួស ចូលទៅក្នុងព្រៃហិមពាន្តដែរ។ ខ្ញុំឃើញព្រះកស្សបៈដែលមានព្រៃជាលំនៅ គួរសរសើរ មានវាទៈកំចាត់កិលេស ឮនូវការកើតឡើងនៃព្រះជិនស្រី ក៏ចូលទៅរកព្រះអង្គ ជាសារថីនៃនរៈ។
ID: 637643843680701365
ទៅកាន់ទំព័រ៖